ប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០១៧ និងលើកគម្រោងផែនការឆ្នាំ២០១៨

គោលការណ៍នៅរៀងរាល់ដំណាច់ឆ្នាំ យើងតែងតែបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារដែលបានបំពេញមួយឆ្នាំ តើយើងបានអនុវត្តកិច្ចការសម្រេចបានប៉ុន្មានភាគរយ ហើយនៅសល់ពីនោះ តើជួបនូវឧបសគ្គ ផលវិបាកចំណុចណាខ្លះដែលធ្វើទៅមិនបានជោគជ័យ គណៈកម្មការក៏បានលើកយករបាយការណ៍នោះមកឲ្យអង្គប្រជុំជ្រាប ដើម្បីនឹងរកវិធីដោះស្រាយរួម។ ទន្ទឹមនឹងការធ្វើរបាយការណ៍រួចហើយ អង្គប្រជុំក៏បានផ្តល់យោបល់ដែលមានជាគន្លឹះសំខាន់ៗ សម្រាប់អនុវត្តគម្រោងទៅឆ្នាំក្រោយៗទៀត យើងបំពេញសកម្មភាពការងារទៅនឹងទទួលបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើន ហើយភាគរយក៏កើតឡើងតាមនោះដែរ។
ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅការិយាល័យកណ្តាល នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នាកុដិ១៧ វត្តបទុមវតីរាជវារារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រារព្ធកិច្ចប្រជុំដំណាច់ឆ្នាំ២០១៧ រយៈពេលមួយថ្ងៃ ដើម្បីធ្វើការបូកសរុបសមិទ្ធផលប្រចាំឆ្នាំ ក្រោមអធិបតីភាពព្រះប្រធាន សឺន សុផារិន្ទ។
សមាសភាពចូលរួមមាន ព្រះប្រធាន ក្រុមប្រឹក្សាភិបាល អនុប្រធានទី១,ទី២ ប្រធានបណ្តាការិយាល័យ ប្រធានតំបន់នានា និងសមាជិក សមាជិកាសរុបចំនួន៤០អង្គនិងនាក់។
ក្រោយកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ យើងក៏បានទទួលសមិទ្ធផលជាផ្លែផ្កា រួមមានដូចខាងក្រោម ៖
១.ផ្នែកអប់រំ ៖
ក.យើងបានបញ្ជូនព្រះសង្ឃទៅបន្តការសិក្សានៅប្រទេសថៃថ្នាក់បរិញ្ញាបត្រចំនួន ១០ព្រះអង្គ។
ខ.យើងបានបញ្ជូនគណៈកម្មការទៅសិក្សាកាត់ត Photoshop វគ្គខ្លី ចំនួន៣ព្រះអង្គ។
គ.យើងបានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា ចំនួន២៦ព្រះអង្គ និងនាក់ ហើយបានជូនសម្ភារៈសិក្សាមានសៀវភៅសរសេរ ប៊ិច និងថវិកាបន្តិចបន្តួចដល់ប្អូនជាសិស្សានុសិស្ស ដែលបានស្នាក់នៅជាមួយព្រះសង្ឃ និងមកតាមឪពុកម្តាយក្នុងថ្ងៃចែកអាហារូបករណ៍សរុបចំនួន៦០នាក់។
សូមបញ្ជាក់ថាៈ រហូតមកដល់ឆ្នាំ២០១៧ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនព្រះសង្ឃទៅសិក្សានៅប្រទេសថៃ១១ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ សរុបចំនួន១១៣ព្រះអង្គ ហើយបានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ កំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជាបាន៨ឆ្នាំមកហើយដែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៧ សរុបបានចំនួន១៥២ព្រះអង្គ និងនាក់ ព្រមទាំងសមណនិស្សិតទៅសិក្សានៅប្រទេសឥណ្ឌាបានចំនួន២ព្រះអង្គផងដែរ។
២.ផ្នែកវប្បធម៌៖
ក.បានបោះពុម្ពព្រឹត្តិបត្រសំឡេងនិស្សិតខ្មែរក្រោមឆ្នាំទី១២ គឺលេខ២៤ ចំនួន៣០០ក្បាល និងឆ្នាំទី១៣ គឺលេខ២៥ ចំនួន ៣០០ក្បាល។
ខ.បានចងក្រងសៀវភៅរួមព្រឹត្តិបត្រអាណត្តិទី២ និងទី៤ ចំនួន ២ក្បាល។
គ.បានផ្តិតរូបសកម្មភាពបញ្ជូនព្រះសង្ឃខ្មែរក្រោមទៅបន្តការសិក្សានៅប្រទេសថៃ និងបុណ្យខួប៤មិថុនាឆ្នាំ២០១៧។
ឃ.បានចុះផ្សាយអត្ថបទ ដែលជាសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមចំនួន៦៣អត្តបទក្នុង (Page)។
៣.ផ្នែកសង្គមកិច្ច ៖
ជារៀងរាល់ឆ្នាំ យើងតែងតែអនុវត្តតាមផែនការប្រចាំឆ្នាំ គឺនៅពេលដែល គណៈកម្មការ សមាជិក សមាជិកា និងញាតិញោមខ្មែរក្រោមមានទុក្ខធុរៈ ឬឈឺថ្កាត់ផ្សេងៗ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែនិមន្ត និងអញ្ជើញទៅសួរសុខទុក្ខពួកគាត់ជានិច្ច តាមដែលបានទទួលដំណឹងហើយបានជួយថវិកាបន្តិចបន្តួចតាមលទ្ធភាព ក្រៅពីនេះយើងក៏បានចូលរួមសហការជាមួយនឹងអង្គការ សមាគមខ្មែរកម្ពុជាក្រោមនានានៅកម្ពុជា ក្នុងការជួយធ្វើអន្តរាគមន៍ពីបញ្ហាដែលព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមបានជួបប្រទះ ដូចជាបញ្ហារំលោភសិទ្ធិខ្មែរកម្ពុជាក្រោមពីអាជ្ញាធម៌មានសមត្ថកិច្ច និងរដ្ឋាភិបាលវៀតណាមជាដើម។
៤.ផ្នែកស្ថិតិ ៖
មានសមណនិស្សិត និងនិស្សិតបានចូលជាសមាជិកថ្មីចំនួន២១អង្គនិងនាក់ ក្នុងនោះមានសមណនិស្សិតចំនួន១៤អង្គ និងនិស្សិត៧នាក់។
ដូច្នេះក្នុងពេលបច្ចុប្ប​ន្ន សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានសមាជិក សមាជិកា ទាំងសរុបចំនួន៤៨៤អង្គនិងនាក់ ក្នុងនោះមានសមណនិស្សិតចំនួន៣៧០ព្រះអង្គ និងនិស្សិតចំនួន១១៤នាក់។
៥.ផ្នែកហេរញ្ញវត្ថុ ៖
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានទទួលថវិកាមកពីប្រភពផ្សេងៗ ដូចជាៈ កម្មវិធីជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន ធ្វើបុណ្យផ្កាប្រាក់សាមគ្គីប្រចាំឆ្នាំ ប្រាក់វិភាគទាន ពីសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេស និងប្រាក់វិភាគទានពីសមាជិកប្រចាំខែ។ ដូច្នោះប្រាក់ចំណូល និងប្រាក់ចំណាយ រយៈពេលមួយឆ្នាំមានដូចខាងក្រោម ៖
ក.ប្រាក់ចំណូលៈ ២៥.៨៤៨.៧០០រៀល និង១៣.៩៩០ ដុល្លារអាមេរិក
ខ.ប្រាក់ចំណាយៈ ១១.៩៨២.៥០០រៀល និង១៦.២៦៨ ដុល្លារអាមេរិក
ដូច្នេះក្នុងឆ្នាំ២០១៧សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានចំណាយថវិកាអស់ទឹកប្រាក់ចំនួន២០.៤៥២ ដុល្លារអាមេរិក។

គម្រោងផែនការថវិកាសម្រាប់ឆ្នាំ២០១៨
១.ផ្នែកអប់រំ ៖

ផ្នែកអប់រំចំនួន $១៧.៧៥០ (មួយម៉ឺនប្រាំពីរពាន់ប្រាំរយហាសិប) ដុល្លារអាមេរិក ចែកចេញជា ៥ផ្នែកគឺ ៖
ក.ចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រកំពុងសិក្សានៅកម្ពុជាចំនួន៣៩អង/នាក់ (ថ្នាក់អនុបណ្ឌិត៥ អង្គ/នាក់ និងថ្នាក់បរិញ្ញាបត្រ៣៤អង្គ/នាក់) ស្មើទឹកប្រាក់ $១០.៥០០ ដុល្លារអាមេរិក។
ខ.បញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅប្រទេសថៃចំនួន១៥អង្គ ស្មើទឹកប្រាក់ $៣.៧៥០
ដុល្លារអាមេរិក។
គ.បើកវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ ដល់គណៈកម្មការ សមាជិក សមាជិកា ស្មើទឹកប្រាក់ $១.០០០ ដុល្លារអាមេរិក។
ឃ.និមន្តទៅសួរសុខទុក្ខសមណនិស្សិតនៅ​ប្រទេសថៃស្មើទឹកប្រាក់ $១.៥០០ ដុល្លារអាមេរិក។
ង.ទិញសម្ភារៈផ្សេងៗ ក្នុងថ្ងៃចែកអាហារូបករណ៍ស្មើទឹកប្រាក់ $១.០០០ ដុល្លារអាមេរិក។
២.ផ្នែកស្រាវជ្រាវវប្បធម៌ និងផ្សព្វផ្សាយ ៖
ផ្នែកស្រាវជ្រាវវប្បធម៌ និងផ្សព្វផ្សាយស្មើទឹកប្រាក់ $២.៥០០ ដុល្លារអាមេរិក បានចែកចេញជា ២ផ្នែកគឺ ៖
ក.ផ្នែកស្រាវជ្រាវឯកសារដែលទាក់ទងនឹងវប្បធម៌ ស្មើទឹកប្រាក់ $១.០០០ ដុល្លារអាមេរិក។
ខ.បោះពុម្ពព្រឹត្តិបត្រដែលជាសំឡេងនិស្សិតខ្មែរក្រោម ២ឆមាស ស្មើទឹកប្រាក់ $១.៥០០ ដុល្លារអាមេរិក។
៣.ផ្នែកសង្គមកិច្ច ៖
ផ្នែកសង្គមកិច្ចស្មើទឹកប្រាក់$៣.០០០ដុល្លារ​ អាមេរិក សម្រាប់និមន្តទៅចូលរួមប្រជុំអង្គការសមាគម បុណ្យទាន សួរសុខទុក្ខ និងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គមខ្មែរកម្ពុជាក្រោម។
៤.ផ្នែករដ្ឋបាល ៖
ផ្នែករដ្ឋបាលស្មើទឹកប្រាក់ $២.៥០០ ដុល្លារអាមេរិក សម្រាប់ចំណាយផ្សេងៗ ដែលទាក់ទងទៅនឹងរដ្ឋបាល។
៥.ផ្នែកកិច្ចប្រជុំប្រចាំខែ និងដំណាច់ឆ្នាំ៖ ផ្នែកកិច្ចប្រជុំប្រចាំខែ និងដំណាច់ឆ្នាំស្មើទឹកប្រាក់ $៦០០ ដុល្លារអាមេរិក សម្រាប់ចំណាយប្រចាំខែក្នុងកិច្ចប្រជុំ និងប្រគេនចង្ហាន់មួយពេលក្នុងថ្ងៃប្រជុំដំណាច់ឆ្នាំ។
ដូច្នេះសម្ព័ន្ធសមណនិស្សិតនិស្សិតខ្មែរកម្ពុជាក្រោម បានលើកយកគម្រោងថវិកាសម្រាប់ឆ្នាំ២០១៨សរុបស្មើទឹកប្រាក់ $២៦.៣៥០ (ពីរម៉ឺនប្រាំមួយពាន់បីរយហាសិប) ដុល្លារអាមេរិក៕

IMG_6267
IMG_6268
IMG_6269
IMG_6270
IMG_6272
IMG_6274
IMG_6210
IMG_6213
IMG_6214
IMG_6216
IMG_6220
IMG_6222
IMG_6225
IMG_6227
IMG_6232
IMG_6250
IMG_6262

Leave a Reply

Your email address will not be published. Required fields are marked *