សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសង្គម

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាសមាគមមួយបានចូលរួមយ៉ាងសកម្មផងដែរចំពោះមនុស្សធម៌នៅក្នុងសង្គម ពីព្រោះថាមនុស្សធម៌ គឺជាផ្នែកមួយដ៏សំខាន់ក្នុងសង្គមជាតិនីមួយៗ ដែលយើងគ្រប់គ្នាត្រូវតែបំពេញទៅតាមធនធានរបស់មនុស្សម្នាក់ៗ ក៏ដូចជាអង្គការសមាគមនីមួយៗទៅតាមលទ្ធភាពដែលខ្លួនមាន។ ដូច្នេះហើយ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែយកចិត្តទុកដាក់ចំពោះសង្គម ហើយមានការិយាល័យសង្គមកិច្ច ជាអ្នកចូលរួមក្នុងកិច្ចការនេះ ដែលបានលើកនៅផែនការអនុវត្តប្រចាំឆ្នាំរបស់ខ្លួន ហើយក៏ជាតួនាទីដ៏សំខាន់របស់មនុស្សគ្រប់រូបដែលត្រូវបំពេញ និងចូលរួមធ្វើនូវកិច្ចការមួយនេះដោយខានពុំបាន ដើម្បីសង្គមជាតិទាំងមូល។ ​សង្គមមួយដែលរីកចម្រើន និងមានការអភិវឌ្ឍន៍បាននោះ គឺត្រូវមានការចូលរួមពីមនុស្សម្នាក់ៗ ទៅតាមលទ្ធភាព និងឆន្ទៈរបស់ខ្លួនដែលអាចធ្វើទៅបានមិនថាតិចឬច្រើនឡើយ។

ការចូលរួមចំណែកក្នុងសង្គមរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មិនមែនចូលរួមចំណែកផ្នែកតែសម្ភារៈប៉ុណ្ណោះទេ គឺមានទាំងការចូលរួមអភិវឌ្ឍន៍ផ្នែកផ្លូវចិត្តទៀតផង ដូចជាការផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រសំឡេងនិស្សិត មានកំណាព្យអប់រំ កំណាព្យទូន្មានផ្សេងៗ និងព្រះពុទ្ធដីកា ការអប់រំប្រៀនប្រដៅទៅតាមព្រះពុទ្ធោវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែង នេះហើយគឺជាការចូលរួមអភិវឌ្ឍន៍ក្នុងសង្គម ផ្នែកផ្លូវចិត្ត ដើម្បីឱ្យសង្គមខ្មែរយើងបានស្គាល់នូវបុណ្យ បាប គុណ ទោស អាក្រក់ ល្អ ស ខ្មៅ ផ្លូវទៅស្ថានសួគ៌ ផ្លូវទៅព្រះនិព្វាន និងផ្លូវទៅស្ថាននរក…។

ដូច្នេះហើយការចូលរួមចំណែកក្នុងសង្គម មិនថាតាមមធ្យោបាយណាឡើយ គឺធ្វើយ៉ាងណាឱ្យតែសង្គមរបស់យើងមានការរីកចម្រើន និងការអភិវឌ្ឍន៍​ប្រកបទៅដោយសុខសន្តិភាព ស្ថេរភាព​ សេរីភាព និង សមភាព ដែលជាតម្រូវការរបស់មនុស្សយើងគ្រប់រូបក្នុងសង្គម និងចង់បង្ហាញពីភាពសាមគ្គីរវាងគ្នានិងគ្នា ដោយផ្អែកទៅលើគោល ធម៌ប្រចាំក្នុងខ្លួនគឺ សង្គហធម៌ សង្គមធម៌ សមធម៌ និងសិទ្ធិសេរីភាពសម្រាប់មនុស្សជាតិ ដែលរស់នៅទូទាំងពិភពលោក។ ហេតុនេះហើយ យើង ម្នាក់ៗត្រូវមានការលះបង់ខ្ពស់ មិនថាផ្នែកធនធាន សា្មរតី សតិបញ្ញា និងការចូលរួមសហការនានាពីសំណាក់រដ្ឋាភិបាល និងអង្គការសមាគមក្នុង និងក្រៅប្រទេស។

ដោយឡែកក្នុងនាមសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមជាសមាគមក្រៅរដ្ឋាភិបាល មួយដោយមិនប្រកាន់និន្នាការនយោបាយទៅលើគណបក្សណាមួយឡើយ គឺបង្កើតឡើងដើម្បីប្រមូលផ្ដុំនូវសមណនិស្សិត និងនិស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងសិក្សានៅតាមសកលវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ដើម្បីជាគំនិតអប់រំដល់គ្នាទៅវិញទៅមក និងជួយសម្រួលនូវបញ្ហាផ្សេងៗក្នុងសង្គម និងខិតខំពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យកាន់តែរីកចម្រើននោះ និងជាតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ននេះ ក៏បានចូលរួមចំណែកក្នុងសង្គមមានដូចខាងក្រោម៖

១/ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ព្រះភិក្ខុ ហួង សាយណ្ហ បាននិមន្ដទៅសួរសុខទុក្ខព្រះចៅអធិការវត្តមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម និងប្រគេនបច្ច័យចំនួន $៥០​ (ហាសិបដុល្លារ)​​ ដើម្បីព្យាបាលជម្ងឺ សម្រាក់នៅមន្ទីរពេទ្យស្រុកផ្នោដាច់។

២/ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ព្រះ ប្រធាន សឺន សុផារិន្ទ ភិក្ខុត្រឹង ដង ភិក្ខុថាច់ ឆេង ភិក្ខុពេជ្រ ប៊ុនថន និងភិក្ខុ កៀង សនប្រសិទ្ធិ បាននិមន្តចូលរួមបុណ្យកឋិនញោម ញឹក នៅស្ទឹងមានជ័យ ហើយបានចូលបច្ច័យចំនួន$៥០។ ព្រមទាំងនិមន្តទៅចូលរួមបុណ្យខួប១០០ ថ្ងៃញោមស្រីព្រះតេជគុណ យ៉ាន់ ថាត់ ព្រះចៅ អធិការវត្តអង្គតាម៉ិញ និងបានចូលកុសលចំនួនបច្ច័យ២០០.០០០៛ ។ នៅថ្ងៃដដែល ភិក្ខុហួង សាយណ្ហ បាននិមន្តទៅសួរសុខទុក្ខ ញោម ថាច់ ធីយ៉ួង ត្រូវជាម្ដាយបង្កើតរបស់លោក សឿង សុធានី អតីតអនុប្រធានទី២នៃសម្ព័ន្ធក្នុងអាណត្តិទី៣។ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះត្រពាំង កម្ពុជាក្រោម ព្រមទាំងជួយថ្លៃថ្នាំចំនួន$៥០។

៣/ថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០១៧ ភិក្ខុ ត្រឹង ដង ភិក្ខុសោម រតនា ភិក្ខុយឿង វ៉ាំងផាក បាននិមន្តចូលរួមបុណ្យកឋិនញោម សុង នៅកាវដាយ ព្រមទាំងចូលបច្ច័យចំនួន ១០០.០០០៛។

៤/ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ភិក្ខុហួង សាយណ្ហ បាននិមន្ដទៅទៅសួរសុខទុក្ខប្អូនប្រុសរបស់ លោកពេជ្រ សីហា ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យទីក្រុងព្រៃនគរ និងជូនថ្លៃថ្នាំចំនួន១០០.០០០៛។

៥/ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ព្រះប្រធាន សឺន សុផារិន្ទ ភិក្ខុហួង សាយណ្ហ ភិក្ខុថាច់ តី ភិក្ខុគឹម វិបុលបញ្ញា និមន្តទៅចូលរួមបុណ្យផ្កាសាមគ្គី នៅវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងចូលកុសលបុណ្យចំនួនបច្ច័យ$៥០។ ក្នុងថ្ងៃនេះដែរព្រះប្រធានក៏បានចូលរួមឧបត្ថមទូកងខ្មែរកម្ពុជាក្រោមមានជ័យ របស់មិត្តសមាគម ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែនៅរាជធានីភ្នំពេញ ចំនួន $១០០។

៦/ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ភិក្ខុ ថាច់ ស្នាល បានប្រគេនបច្ច័យចូលរួមបុណ្យកឋិនទានព្រះគ្រូ ថាច់ ញ៉ឹក ធ្វើនៅកុដិ១៧ វត្តបទុបវតី ដើម្បីដង្ហែទៅកាន់វត្តស្វាយសៀមថ្មី ស្រុកថ្កូវ ខេត្តព្រះត្រពាំង​ កម្ពុជាក្រោម ចំនួន$៥០។

៧/ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ភិក្ខុ ត្រឹង ដង បាននិមន្ដទៅចូលរួមបុណ្យសពជីដូន កញ្ញា សាំង សុភាព ជាលេខាការិយាល័យវប្បធម៌នៃសម្ព័ន្ធ។ ស្ថិតនៅស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ហើយចូលកុសលចំនួន២០០.០០០៛។

៨/ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ភិក្ខុ ថាន សុថៀវ បានទៅ ចូលរួមបុណ្យសពប្អូនប្រុសផល្លា អតីតក្មេងវត្តទួលសង្កែ បានអនិច្ចកម្មដោយជម្ងឺ នៅភូមិកំពង់តាជ័យ ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម និងចូលកុសលចំនួន$៣០។

៩/ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ព្រះប្រធាន សឺន សុផារិន្ទ ភិក្ខុ ថាច់ ស្នាល ភិក្ខុ ថាច់ ឆេង ភិក្ខុ សោម រតនា ភិក្ខុ គីម វិបុលបញ្ញា ភិក្ខុសឺន ង៉ុកធន ភិក្ខុ ថាច់ សុផល បាននិមន្តចូលរួមបុណ្យខួបមួយឆ្នាំរបស់ព្រះតេជព្រះគុណ ហុល សុវណ្ណ ជាព្រះចៅអធិការវត្តទួលសង្កែ និងចូលកុសលចំនួន $៥០។

ការចូលរួមក្នុងសង្គមមិនអាចឆ្ងាយពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានឡើយ ពីព្រោះថា សមាគមមួយនេះ មានកត្តាជាច្រើនសម្រាប់ជួយដល់សង្គម និងចូលរួមចំណែកក្នុងសង្គម។ ដូចបានរៀបរាបបង្ហាញមួយចំនួនខាងលើរួចទៅហើយ លើសពីនេះទៅទៀត បានចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សជាច្រើន ដែលជាតម្រូវការសង្គមនាពេលបច្ចុប្បន្ននេះ។ បណ្តាសមណនិស្សិតមួយចំនួនដែលបានបញ្ចប់ការ សិក្សារបស់ខ្លួន ហើយមានចំណេះវិជ្ជាល្មមសមរម្យអាចជួយសង្គមបាន​​​​​​ ក៏បានទៅជួយសង្គមតាមការគួរ ដូចជា សមណនិស្សិតខ្មែរកម្ពុជាក្រោមនាបច្ចុប្បន្ននេះ បានរៀនសូត្រ ចេះដឹងគ្រប់គ្រាន់ ហើយក៏បានត្រឡប់ទៅស្រុកកំណើតវិញ អង្គខ្លះក៏បានសឹកចេញជាគ្រហស្ថទៅប្រកបអាជីព តាមជំនាញដែលខ្លួនខំប្រឹងសិក្សាមក ហើយអង្គខ្លះទៀតក៏នៅជួយវត្តអារាម និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ទូន្មាន ក្រមសីលធម៌ គុណធម៌សុជីវធម៌ សីលធម៌ ចេះរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ និងតម្លៃនៃព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទទូទៅមិនថាក្មេងឬចាស់នោះទេ ដើម្បីឲ្យក្លាយជាមនុស្សល្អក្នុងសង្គម ដឹងខុសដឹងត្រូវ ដឹងបុណ្យដឹងបាប ដឹងខ្មៅដឹងស ដឹងអាក្រក់ដឹងល្អ ដើម្បីឲ្យសង្គមយើងបោះបង់ចោលនូវចរិតខិលខូចនូវទង្វើអាក្រក់ទាំងឡាយ ដូចជា ធ្វើចោរឆក់ប្លន់ លួចជួញដូរគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តបទល្មើសផ្សេងៗ ដែលសង្គមហាមឃាត់ និងជាអំពើដែលមនុស្សក្នុងសង្គមស្អប់ខ្ពើម ឲ្យក្លាយទៅជាមនុស្សម្នាក់ចេះធ្វើនូវអំពើល្អប្រកបដោយគុណធម៌ខ្ពស់ ចេះយកចិត្តទុកដាក់ឈឺឆ្អាលក្នុងសង្គមចេះកែប្រែនូវទម្លាប់អាក្រក់របស់ខ្លួនឯង ហើយជៀសវាងចេញពីអបាយមុខគ្រប់ប្រភេទ ហើយសាងខ្លួនឱ្យបានល្អសម្រាប់បម្រើសង្គមជាតិឱ្យកាន់តែប្រសើរឡើង៕ ដោយៈ ឥន្ទជោតោ
IMG_6156
2
19
IMG_6160
IMG_6214
2
4
9

Leave a Reply

Your email address will not be published. Required fields are marked *