ជំនួបនិស្សិត បញ្ញវន្ដខ្មែរកម្ពុជាក្រោម និងសប្បុរសជន
ជារៀងរាល់ដំណាច់ឆ្នាំ ក្រុមការងារទ្រទ្រង់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែប្រារព្ធកម្មវិធីមួយដែលឲ្យឈ្មោះថា “ជំនួបនិស្សិត បញ្ញវន្ដខ្មែរកម្ពុជាក្រោម និងសប្បុរសជន” ព្រោះយល់ឃើញថា សមាជិក សមាជិកាផ្នែកគ្រហស្ថកាន់តែរីកចម្រើនឡើងជាបន្ដបន្ទាប់ តម្រូវការថវិកាក្នុងការចាយវាយសម្រាប់ការងារប្រចាំឆ្នាំក៏កាន់តែច្រើន និងកិច្ចការចូលរួមក្នុងសង្គមកាន់តែច្រើនទៅៗ លើសពីនោះទៀតការស្វែងរកអាហារូបករណ៍សម្រាប់សមណនិស្សិត និងនិស្សិតក្រីក្រដែលកំពុងបន្ដការសិក្សាទាំងនៅក្នុងនិងក្រៅប្រទេសមានការរីកចម្រើនឡើងផងដែរ។ ហេតុនេះហើយបានជាការិយាល័យទ្រទ្រង់បង្កើតកម្មវិធីនេះឡើងដើម្បីស្វែងរកចំណូលមកជួយជំរុញឲ្យនាវាសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមរបស់យើងឲ្យដំណើរការទៅមុខជានិច្ច។
កាលពីយប់ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារទ្រទ្រង់របស់យើងក៏បានប្រារព្ធកម្មវិធីនេះឡើងនៅភោជនីយដ្ឋានសូរិយា ឋិតនៅខាងលិចផ្សារសូរិយា សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដឹកនាំដោយព្រះប្រធាន សឺន សុផារិន្ទ និងលោកថើស ចន្ទ្រា សហប្រធានការិយាល័យទ្រទ្រង់ និងជាប្រធានក្រុមការងារទ្រទ្រង់ ដោយមានការអញ្ជើញចូលរួមពីសម្នាក់គណៈកម្មការការងារ ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា នៃសម្ព័ន្ធ និងតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី និស្សិត បញ្ញវន្ដ សប្បុរសជនប្រមាណ១០០នាក់
នេះជាលើកទីប្រាំពីរហើយ ដែលក្រុមការងារយើងបានធ្វើកម្មវិធីនេះឡើង គឺចាប់តាំងពីឆ្នាំ២០១២រហូតមក ហើយការធ្វើនូវកម្មវិធីនេះដើម្បីផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំចាស់ ព្រមទាំងបង្ហាញនូវគម្រោងការងារឆ្នាំថ្មី និងបានឱកាសសំណេះ សំណាល ការសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ និងការប្រកបមុខរបរប្រចាំថ្ងៃជាដើម ដែលពួកគាត់ជួបប្រទះកន្លងមក និងចង់បង្ហាញនូវការចាប់អារម្មណ៍របស់ក្រុមនិស្សិត បញ្ញវន្ដខ្មែរក្រោមដែលកំពុងសិក្សាក្ដី ឬបានបញ្ចប់ការសិក្សាហើយក្ដី នឹងបានជួយស្វែងរកការងារជូនពួកគាត់នៅពេលដែលពួកគាត់រៀនចប់ហើយមិនមានការងារធ្វើ ដើម្បីឲ្យក្រុមនិស្សិតយើងបានការងារធ្វើទាំងអស់គ្នា។
ជាពិសេសទៅទៀតនោះ បានអំពាវនាវនូវទឹកចិត្តគាំទ្រផ្នែកស្មារតី និងវិភាគទានតាមសទ្ធាជ្រះថ្លាពីសប្បុរសជនជួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមឲ្យកាន់តែមានការរីកចម្រើនថែមទៀត នឹងបានជាធនធានសម្រាប់សង្គមជាតិយើងទាំងអស់គ្នា។
សូមរំលឹកផងដែរថា ក្រុមការងារទ្រទ្រង់របស់ការិយាល័យទ្រទ្រង់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពជាក្រោមតាំងពីអាណត្តិទី១រហូតមកដល់បច្ចុប្បន្ននេះ ឃើញថាមាន៥អាណត្តិមកហើយ គឺអាណត្តិទី១ ចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ ក្រោមការដឹកនាំរបស់ព្រះតេជគុណ យៀង វណ្ណា ការិយាល័យទ្រទ្រង់មានព្រះតេជគុណច័ន្ទ សុខា និងលោក គឹម សឹង ជាសហប្រធាន។ អាណត្តិទី២ ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ ចៅ សាង ការិយាល័យទ្រទ្រង់មានព្រះតេជព្រះគុណ ច័ន្ទ សុខា និងលោក គឹម សឹង ដដែល ជាសហប្រធាន។ អាណត្តិទី៣ ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ ចន្ទ សុផាត ការិយាល័យទ្រទ្រង់មានព្រះតេជព្រះគុណ គឹម វិចង់ និងលោក គឹម សឹង ជាសហប្រធាន។ អាណត្តិទី៤ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ យឿង តារា ការិយាល័យទ្រទ្រង់មានព្រះតេជព្រះគុណ ឡុង សារ៉ន និងលោក ថើស ចន្ទ្រា ជាសហប្រធាន។ អាណត្តិទី៥ ពីឆ្នាំ២០១៥ដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ សឺន សុផារិន្ទ ការិយាល័យទ្រទ្រង់មានព្រះតេជព្រះគុណ សោម រតនា និងលោក ថើស ចន្រ្ទា ជាសហប្រធាន៕